នាសម័យបុរាណ នគរខ្មែរ និងនគរចិនមានព្រំដែន
ជាប់គ្នា។ ចិនពូកែណាស់ខាងតម្បាញសូត្រ។ ព្រះរាជា
ខ្មែរ និងពួកនាម៉ឺន តែងតែទិញក្រណាត់សូត្រទាំងនោះ
រាល់ឆ្នាំពុំដែលខាន។ នាង កែវស ជានារីម្នាក់ មាន
សម្រស់ស្អាតអស់លើស្រីទាំងពួងក្នុងភូមិ ហើយនាង
ពូកែខាងដេរប៉ាក់ និងតម្បាញ ហើយក្រណាត់សូត្រ
របស់នាងរលោង និងក្រឡាល្អស្អាតណាស់។
ថ្ងៃមួយនាងបានចូលទៅក្នុងព្រៃ ដូចសព្វមួយដង ដើម្បី
យករុក្ខជាតិ មកធ្វើជាល័ក្ខ ។ ពេលនោះនាងបានរើសបាន
ដុំថ្មមួយដុំមានពណ៌ក្រហមឆ្អិនឆ្អៅ។ នាងបានយកមក
សួរម្ដាយ ពេលនោះ ម្ដាយប្រាប់ថាវាជាដុំមាស។ នាងអរ
ណាស់ មិនយកមាសនោះទៅលក់ទេ នាងបានយកវា
មកធ្វើជាត្រល់ សម្រាប់តម្បាញ ។ មុនពេលដែលនាង
ត្បាញនាងតែងតែសែន និង បែរបន់សូមកុំឲ្យសូត្រដាច់
និងជាប់បានល្អ ព្រមទាំងរលោងផងដែរ។ កំលាំងនៃការ
បួងសួងបានលឺដល់ព្រះពិស្ណុការដែលជាអាទិទេពនៃ
សិល្បៈ។ ទ្រង់ក៏ប្រទាននិងឲ្យពរដល់នាងតាមការប្រាថ្នា។
ហេតុការណ៍ដ៏អស្ចារ្យ គឺនាងបោះត្រល់ ១ដង ត្បាញបាន
កន្លះកី ធ្វើអោយនាងអរផង ភ័យផង។ នាងបោះ ២ដង
បាន ១កី ហើយក្រណាត់របស់នាងមានពណ៌ល្អ និង
រលោង។ នាងបានយកទៅជូនម្ដាយ ម្ដាយនាងគាត់អរ
ខ្លាំងណាស់ និងយកទៅលក់បានតម្លៃថ្លៃ រហូតបាន
ក្លាយជាសេដ្ឋី សូត្រក្នុងខេត្តកំពត។ ព្រះរាជា ក៏ប្រទាន
ងារ (នាងត្រល់មាស)។ ដំណឹងបានលឺដល់ក្រុងចិន
ស្ដេចចិនបានបញ្ជាឲ្យបុត្រាទ្រង់មកស្ដីដណ្ដឹងនាង
កែវស ដើម្បីយកនាងទៅនៅស្រុកចិនតាមប្ដី ធ្វើដូច
នេះបាន ខ្មែរនៅតែទិញក្រណាត់ពីចិនរាល់ៗឆ្នាំដដែល។
ម្ដាយរបស់នាងបានសួរចិត្តកូនស្រីតែនាងមិនព្រម។
ព្រោះនាងមានចិត្តលើកំលោះមាណព ដែលជាអ្នក
ជ្រលក់ក្រណាត់និងជាមនុស្ស នៅជាមួយនាងតាំងពី
នៅក្រីក្រ។ នាងគិតថា ចិនមានសិទ្ធិយកប្រពន្ធបួនដប់
បាន ហើយគិតថាគ្មានវាសនាល្អទេសម្រាប់នាង។
ពាក្យបដិសេធន៍នេះ បានធ្វើឲ្យ ចិន មិនសប្បាយចិត្ត
ក៏ទៅប្ដឹងស្ដេចខ្មែរ។ ទ្រង់មានបណ្ដូលថា៖ រឿងអនាគត
របស់នរណា អ្នកនោះជាអ្នកសម្រេច ទ្រង់ជាស្ដេចគ្មាន
សិទ្ធិទេ។ ទ្រង់ក៏មិនចង់ឲ្យនាងទៅរស់នៅស្រុកចិនដែរ
បើនាងទៅ ខ្មែរនឹងបាត់អ្នកតម្បាញសូត្រមាសជារៀងរហូត។
រាជបុត្រចិនអង្គនោះ ក៏បានចុះមករកនាងដោយខ្លួនឯង
ឃើញនាងមានសម្បុរសស្អាតខុសពីនារីខ្មែរដទៃទៀត
ក៏កាន់តែមានចិត្តស្រឡាញ់ទ្វេដង ហើយទ្រង់ក៏មាន
បញ្ជាថា៖ យកទាំងមនុស្ស យកទាំងត្រល់។ ដោយដឹង
ពីល្បិចចិន នាងក៏បានរៀបការជាមួយចៅមាណព សុំព្រះ
រាជប្រទានពីព្រះរាជាខ្មែរ។ ការណ៍នេះ កាន់តែធ្វើឲ្យ ចិន
មានកំហឹងយ៉ាងខ្លាំង ក៏បានប្រើចោរសមុទ្រមកលួចត្រល់
មាស និងចាប់នាងត្រល់មាស។
ភាពអសន្តិសុខ នៅក្នុងគ្រួសាររបស់នាងក៏កើតមានជារឿយៗ។
នាងក៏សុំម្ដាយទៅរស់នៅឆ្ងាយពីគេ ដើម្បីគេចចេញ ពីចោរ
ទាំងនោះ ដោយរស់នៅធ្វើជាខ្ទមកណ្ដាលព្រៃ។ ពេលនាង
ត្បាញបាននាងឲ្យអ្នកបំរើ យកទៅឲ្យម្ដាយសម្រាប់ថ្វាយ
ស្ដេច។ ចោរចិន ទាំងនោះតាមរកគ្រប់កន្លែងតែរកមិនឃើញ
ជួនជាពេលមួយនោះ មានល្ខោនហ៊ីចិនមកសម្តែង អ្នកបំរើ
ក៏បានឈប់មើលការសំដែង ដោយដៃមានបង្វេច ពណ៌មាស
ផ្លេកៗ ។ រំពេចនោះ ចិនដែលនិយាយ ខ្មែរមិនសូវច្បាស់នោះ
សួរថា៖ បានទិញសំពត់ពីណាល្អយ៉ាងនេះ?
អ្នកបម្រើភ្លេចខ្លួនក៏និយាយថា៖ ជារបស់អ្នកនាង កែវសរ
ចិននោះ ក៏បានសួររកកន្លែងនាង កែវស រស់នៅ ដោយ
ឲ្យមាស ១០០តំលឹង ។ អ្នកបម្រើក៏ឆ្លើយដឹងពីទីតាំង
ដែលនាង ស រស់នៅ។
រាត្រីដ៏រន្ធត់បានមកដល់ ចោរបានចូលឡោមព័ទ្ធខ្ទម
របស់នាង ដោយគប់ភ្លើងឆេះអស់រោងសត្វចិញ្ចឹម
និងរោងតម្បាញ ដែលនាងកំពុងត្បាញ ធ្វើឲ្យរលាកដៃ
និងខ្លួនរបស់នាងយ៉ាងដំណំ។ នាងបានស្រែកហៅប្ដី
ឲ្យជួយ ចៅមាណពរត់ខាងនេះផង ខាងនោះផង រត់
យកប្រពន្ធពីក្នុងរោង និងរត់ទៅដោះលែងសត្វចិញ្ចឹម
ពីក្រោលទាំងអស់ ឲ្យរត់ចេញពីភ្លើង ឮសម្រែកស្រែក
អឺយកង និងសម្លេងស្រែកយំពេញព្រៃ។ រំពេចនោះ
កូនសេះស របស់នាង ក៏រត់ចេញមកឈរហូរស្រក់
ទឹកភ្នែកក្បែរនាង ដោយសារតែឃើញមេរបស់វាស្លាប់
ក្នុងភ្លើង។
សម្រែកពួកចោរ ថាឲ្យចាប់នាង កែវស និងយកត្រល់
ឲ្យបាន! ចៅមាណពក៏បានលើកនាង កែវស ឡើងជិះ
សេះរត់ទៅមុន រីឯចៅមាណពក៏បានចុះទូកបង្វែរដាន។
ចោរទាំងនោះបានចុះទូកតាមមាណព ដោយស្មានថា
នាង កែវស ទៅជាមួយ។ ការប្រយុទ្ធក៏ចាប់មានឡើង
នៅកណ្ដាលសមុទ្រ។ ទើបចោរទាំងនោះដឹងថា ចាញ់បោក
ក៏បានបាញ់ព្រួញសម្លាប់ចៅមាណពនោះទៅ។
លុះនៅពេលព្រឹក ចោរក៏ទៅបាត់អស់ នាង កែវស បានរត់
ទៅមាត់សមុទ្រ ជាមួយកូនសេះ រកមើលចៅមាណព តែ
រកមិនឃើញសោះ នៅសល់តែបំណែកទូក និងប្រអប់ឈើ
មួយ ដែលអណ្ដែតជាប់មាត់ឆ្នេរ។ នាងបានបើកឡើង គឺជា
ត្រល់តម្បាញរបស់នាង នាងក៏ស្រែកយំយ៉ាងខ្លាំង។ នាងក៏
បួងសួងថា៖ បើមានជាតិមុខមែននាង សូមជួបចៅមាណព
ជាប្ដី និងជាអ្នកតម្បាញ និងមានត្រល់មាស នេះនៅ
ជាមួយនាងរហូត និងនៅជារបស់ខ្មែររហូត កុំឲ្យបាត់
ទៅណា! បួងសួងរួចនាងក៏គប់ត្រល់មាសនោះ ចូលទៅ
ក្នុងសមុទ្រហើយនាងក៏នាងដួលស្លាប់ទៅ។ ដោយកម្លាំង
បួងសួង ត្រល់មាសនោះ ឲ្យក្លាយជាកោះធំមួយ រាងដូច
ត្រល់មកទល់សព្វថ្ងៃនេះ។
ដោយក្ដីគោរពដល់នាង ព្រះរាជាក្រោយៗ ទ្រង់ក៏បានសាង
រូបនាង និងកូនសេះស សម្រាប់រំលឹកដល់សេចក្ដីស្មោះ
របស់នាង ចំពោះស្វាមី និងមាតុប្រទេស៕
Credited to: មន្ទីរផែនការខេត្តកែប
No comments:
Post a Comment