កប៉ាល់ដឹកមនុស្សធ្វើដំណើរកម្សាន្តមួយ បានជួបគ្រោះថ្នាក់កណ្ដាលសមុទ្រ។ ខណៈពេលដ៏វឹកវរនោះ ប្ដីប្រពន្ធមួយគូឃើញកូនទូកជួយសង្គ្រោះជីវិតនៅខាងក្រោម ប៉ុន្តែទូកដ៏តូចនោះអាចទទួលបានមនុស្សតែម្នាក់ប៉ុណ្ណោះ។ នឹកស្មានមិនដល់ បុរសជាប្ដីបានរុញប្រពន្ធទៅក្រោយវិញ រួចលោតចុះទូកតែម្នាក់ឯង។ ប្រពន្ធដែលឈរនៅលើទូករៀបលិច បានស្រែកប្រាប់ប្ដីនូវពាក្យសម្ដីមួយឃ្លា។
អ្នកគ្រូបានឈប់និទានរឿងបន្ត រួចសួរសិស្សដែលកំពុងយកចិត្តទុកដាក់ស្ដាប់ថា «តើអ្នកទាំងអស់គ្នាដឹងឬអត់ នាងស្រែកថាម៉េច?»។ សិស្សជាច្រើនបានឆ្លើយភ្លាមៗថា «អូនស្អប់បង, អូនរើសបងខុសហើយ»។ អ្នកគ្រូបានសម្គាល់ឃើញសិស្សប្រុសម្នាក់ដែលស្ងាត់ស្ងៀមមិនឆ្លើយជាមួយគេសោះ ទើបនាងចាប់ផ្ដើមហៅសិស្សប្រុសនោះឲ្យឆ្លើយនឹងគេ។
សិស្សប្រុសនោះបានឆ្លើយថា «អ្នកគ្រូ, ខ្ញុំជឿថាប្រពន្ធប្រាកដជាស្រែក…. ជួយមើលថែកូនពួកយើងផង»។ អ្នកគ្រូភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបន្តសួរថា «ធ្លាប់អានរឿងនេះពីមុនមកមែនទេ?»។ សិស្សប្រុសគ្រវីក្បាលដោយទឹកមុខងឿងឆ្ងល់ និងឆ្លើយថា «អត់ដែលផង, តែវាជាអ្វីដែលម្ដាយខ្ញុំប្រាប់ឪពុកខ្ញុំ មុនពេលគាត់ស្លាប់ដោយសារជំងឺ»។ អ្នកគ្រូក៏បន្លឺឡើងថា «ចម្លើយនោះពិតជាត្រឹមត្រូវណាស់»។
ងាកមកសាច់រឿងបន្តទៀត កប៉ាល់នោះបានលិច ឆក់យកជីវិតប្រពន្ធបាត់។ ឯបុរសជាប្ដីបានត្រលប់ទៅផ្ទះវិញ ចិញ្ចឹមថែរក្សាកូនស្រីរហូតដល់ធំដឹងក្ដី។ ច្រើនឆ្នាំក្រោយមក បុរសជាប្ដីបានស្លាប់បន្តទៀត ហើយកូនស្រីក៏ប្រទះឃើញកំណត់ហេតុប្រចាំថ្ងៃមួយរបស់ឪពុកខ្លួន។
អត្ថន័យនៅក្នុងសំបុត្របានបង្ហាញថា ឪពុកម្ដាយរបស់ខ្លួនបានចេញទៅដើរលេង ខណៈដែលម្ដាយមានជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយទៅហើយ។ ពេលវេលាតានតឹងបំផុត ឪពុកបានរូតរះយកឱកាសសម្រេចចិត្តតែមួយចុងក្រោយដើម្បីរស់បន្ត។ គាត់បានសរសេរថា «អ្វីដែលបងប្រាថ្នា គឺចង់លិចទៅបាតសមុទ្រជាមួយអូន… ប៉ុន្តែដើម្បីកូន បងមានតែទុកឲ្យអូនស្លាប់ម្នាក់ឯងប៉ុណ្ណោះ»។
សាច់រឿងចប់ហើយ អ្នកគ្រូក៏បាននិយាយថា អ្វីដែលគ្រប់គ្នាឃើញនឹងភ្នែក មិនមែនសុទ្ធតែជាការពិតទាំងអស់ទេ។ ពេលខ្លះការលះបង់ មិនមែនទាល់តែខ្លួនស្លាប់ខ្លួនដើម្បីនរណាម្នាក់ទេ គឺត្រូវធ្វើអ្វីដែលនៅសេសសល់សម្រាប់គេ។ បុរសជាប្ដីត្រូវគេគិតខុសអស់ប៉ុន្មានឆ្នាំ ការឈឺចាប់របស់គាត់ក៏មានទំហំប៉ុននោះដែរ៕
ដោយ:តារារស្មី
No comments:
Post a Comment