Saturday, May 20, 2017

ហេតុអ្វីចម្លាក់នៅប្រាសាទអង្គរ តម្រូវឲ្យយើងទស្សនាតាមទិសបញ្ច្រាសទ្រនិចនាឡិកា?៚

មុននឹងធ្វើការបកស្រាយចម្លើយនេះ យើងត្រូវយល់ពាក្យ ទិសទ្រនិចនាឡិកា និង ទិសបញ្ច្រាសទ្រនិចនាឡិកាជាមុនសិន។
កាលពីដើមមុនពេលដែលនាឡិកាកើតឡើង គេមើលស្រមោលព្រះអាទិត្យ (Sunwise) នៅពេលដែលគេចេះផលិតនាឡិកាទើបគេប្តូរមកហៅទិសទ្រនិចនាឡិកាវិញ (Clockwise)។
Anti-Clockwise ឬ Counter Clockwise មានន័យថាទិសបញ្ច្រាសស្រមោលព្រះអាទិត្យ ឬ បញ្ច្រាសទ្រនិចនាឡិកា។ ឆ្លៀតពេលនេះដែរសូមបកស្រាយពាក្យនាឡិ ខ្មែរជំនាន់ដើមយកត្រឡោកដូងចោះប្រហោងហើយទម្លាក់ចូលក្នុងទឹក បើទឹកលិចត្រឡោកដូងហៅថាមួយនាឡិ ចំណែកពាក្យថានាឡិកាគឺកើតមកពីពាក្យនាឡិនោះឯង។
បើយើងពិនិត្យមើលចលនាផែនដីពីប៉ូលខាងជើង យើងឃើញថាផែនដីធ្វើចលនាបញ្ច្រាសទ្រនិចនាឡិកា តែបើយើងមើលចលនាផែនដីពីប៉ូលខាងត្បូងវិញ យើងនឹងឃើញផែនដីធ្វើចលនាស្របតាមទ្រនិចនាឡិកា នោះមានន័យថា ចលនារបស់ផែនដីវិលតាមណា គឺអាស្រ័យយើងជាអ្នកពិនិត្យឈរនៅទីតាំងកន្លែងណា។ ដោយប្រភពដើមនៃការផលិតនាឡិកាគឺនៅក្បែរប៉ូលខាងជើង ទើបគេធ្វើនាឡិកាវិលតាមទ្រនិចនាឡិកាដូចសព្វថ្ងៃ គឺដើរតាមស្រមោលព្រះអាទិត្យ។
តាមការស្រាវជ្រាវមួយចំនួនបាននិយាយថា មនុស្សភាគច្រើនចូលចិត្តប្រើដៃស្តាំ មនុស្សភាគតិចណាស់ដែលចូលចិត្តប្រើដៃឆ្វេងធៀបនឹងអ្នកដែលចូលចិត្តប្រើដៃស្តាំ អ្នកដែលពូកែប្រើដៃឆ្វេង គឺពូកែជើងស្តាំ ហើយអ្នកដែលប្រើដៃស្តាំក៏ពូកែជើងស្តាំដែរ នោះមានន័យថាមនុស្សទំនោរក្នុងការប្រកាន់ស្តាំជាងឆ្វេង ហើយចូលចិត្តប្រើខាងស្តាំនិងការពារខាងឆ្វេង។ ការដើរប្រកាន់ស្តាំ ឬ បត់ស្តាំជាទម្លាប់របស់មនុស្សភាគច្រើន នៅប្រទេសកម្ពុជាដោយមានគោលការណ៍ប្រកាន់ស្តាំស្រាប់ សូម្បីតែនៅកន្លែងហាត់ប្រាណជុំវិញសួនច្បារ ក៏មនុស្សចូលចិត្តដើរតាមទិសបញ្ច្រាសទ្រនិចនាឡិកាជុំវិញសួនច្បារដែរ ឬ មួយការធ្វើដំណើរដង្ហែប្រទស្សិណជុំវិញព្រះវិហារជាដើម។
ហេតុអ្វីបានជាមនុស្សមួយចំនួន មិនពេញចិត្តនឹងចលនាបញ្ច្រាសនេះ? ពីព្រោះកាលដើមឡើយមនុស្សគោរពព្រះអាទិត្យ អ្នកដែលដើរផ្ទុយពីស្រមោលព្រះអាទិត្យ មានន័យថាប្រឆាំង (Anti-sunwise, Anti-Clockwise) ទើបមានប្រទេសមួយចំនួននិយាយថា ការធ្វើដំណើរតាមទិសទ្រនិចនាឡិកាគឺល្អជាងការធ្វើដំណើរតាមទិសបញ្ច្រាសទ្រនិចនាឡិកា ឬ ជួនកាលគេហៅថាពួកឆ្វេងនិយម ដោយគេសំគាល់ថាស្តាំល្អ ឆ្វេងអាក្រក់។
នៅក្នុងការចែកស្ថាននៃប្រព័ន្ធផ្កាយ ក៏គេរាប់តាមទិសបញ្ច្រាសទ្រនិចនាឡិកាដែរ ប្រាសាទអង្គរសាងសង់ជារាងប្លង់នៃចក្រវាឡិ ដែលកំពូលកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុ នៅក្នុងរឿងព្រេងនិទានល្បើកអង្គរ គឺប្លង់នៃប្រាសាទអង្គរយកលំនាំតាមក្រោលគោព្រះឥន្ទ នោះមិនចម្លែកទេដែលសាច់រឿងចម្លាក់ត្រូវឆ្លាក់តាមទិសបញ្ច្រាសទ្រនិចនាឡិកា ហើយអ្នកទស្សនាក៏ត្រូវដើរទស្សនាតាមទិសបញ្ច្រាសទ្រនិចនាឡិកាផងដែរ។ នៅពេលដែលមនុស្សច្រើនគ្នា ដើរស្របពេលតែមួយតាមទិសដៅដូចគ្នាជាពិសេសទិសបញ្ច្រាសទ្រនិចនាឡិកានេះ នៅជុំវិញប្រាសាទនឹងបង្កើតបានជាថាមពលម្យ៉ាង ដែលគេមានជំនឿថាជួយបង្កើនកម្លាំងថាមពល (ក្នុងន័យនេះមិនបាននិយាយថា បរិស្ថានកខ្វក់នានានាំឲ្យមានថាមពលល្អឡើយ)។
ដោយសំគាល់ថា ប្លង់នៃប្រាសាទអង្គរ និង ប្រាសាទនានាជាប្លង់ចក្រវាឡិ នោះការឆ្លាក់តាមទិសបញ្ច្រាសទ្រនិចនាឡិកា គឺដូចជាចលនានៃផែនដីវិលជុំវិញខ្លួនឯង ចលនានៃផែនដីវិលជុំវិញព្រះអាទិត្យ និង ការរាប់ក្រុមផ្កាយដែលមាននៅក្នុងចក្រវាឡិយ៉ាងដូច្នោះដែរ។
 ដោយ: Khmer 

No comments:

Post a Comment